ព័ត៌មាន

  • មិនា ៣, ២០១៧

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧

 

  • សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ
    កម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់
  • សូមគោរព លោកជំទាវ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី សមាជិក សមាជិកា
    ព្រឹទ្ធសភា រដ្ឋសភា
  • លោកជំទាវ ឯកឧត្ដម ឯកអគ្គរាជទូត
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង/ស្ថាប័ន!
  • ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ជាទីមេត្រី!

ដំបូងបង្អស់ ខ្ញុំបាទសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលនេះ ។ វត្តមានដ៏ថ្លៃថ្លារបស់   សម្ដេចតេជោ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចចំពោះការងារការបរទេស និងចំពោះមន្រ្តីការទូត មន្រ្តីរាជការ និងបុគ្គលិកក្រសួងការបរទេសទាំងមូល ។

ខ្ញុំបាទក៏សូមអរគុណផងដែរចំពោះវត្តមានរបស់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា
រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័ននានា ដែលបានផ្ដល់វត្តមានដ៏ថ្លៃថ្លានាពេលនេះ ។

ក្រសួងបានបញ្ចប់នៅរសៀលនេះ នូវការប្រជុំរយៈពេល២ថ្ងៃ ដែលជា២ថ្ងៃនៃការពិគ្រោះពិភាក្សាគ្នាដោយត្រង់ៗ ផ្លាស់ប្ដូរយោបល់ មេរៀន បទពិសោធន៍ទាក់ទងនឹងការងាររបស់ក្រសួងកន្លងទៅ និងស្ដាប់បទឧទ្ទេសនាមលើប្រធានបទសំខាន់ៗជាច្រើន ជាអាទិ៍ គោលការណ៍នៃការអនុវត្តចំណូលចំណាយរបស់ស្ថាប័ន យុទ្ធសាស្រ្តទាក់ទាញវិនិយោគបរទេស ការគាំពារពលករចំណាកស្រុកទៅក្រៅប្រទេសមូលដ្ឋាននៃការវិភាគសភាពការណ៍នយោបាយអន្តរជាតិ និន្នាការនិងយុទ្ធសាស្រ្ត
សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងវិធានការពង្រឹងការអនុវត្តន៍ច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ ។

ខ្ញុំសូមយកឱកាសនេះ សូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតដល់ឥស្សរជនជាវាគ្មិនទាំងអស់ ចំពោះបទឧទ្ទេសនាមដ៏មានសារៈសំខាន់ ដែលបានធ្វើឲ្យថ្នាក់ដឹកនាំ មន្រ្តីការទូត និងមន្រ្តីរាជការយើងបង្កើនបានការយល់ដឹងរបស់ខ្លួន ដើម្បីលើកកំពស់ប្រសិទ្ធភាពការងារតទៅមុខនិងសម្រេចឲ្យបានជោគជ័យនូវការងារការទូតពហុវិស័យ​ ។

កិច្ចប្រជុំចង្អៀតរវាងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតជាន់ខ្ពស់របស់យើងបានអនុញ្ញាតឲ្យយើងខ្ញុំរកឃើញបញ្ហា និងការប្រឈម ហើយលើកឡើងនូវដំណោះស្រាយចំពោះបញ្ហាទាំងនោះ ជាពិសេសបានជួយពង្រឹងមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងភាពជាមិត្តរួមវិជ្ជាជីវៈជាមួយគ្នា ។

សូមគោរពជម្រាបសម្ដេច និងអង្គសន្និបាតទាំងមូលមេត្តាជ្រាបថា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ការងាររបស់ក្រសួងបានផ្ដោតលើកំណែទំរង់ផ្ទៃក្នុងផង និងការរៀបចំឡើងនូវបន្ទាត់ នយោបាយក្រៅប្រទេសដែលមានសង្គតភាពជាមួយគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ផង និងការវិវត្តជាក់ស្ដែងនៃសភាពការណ៍អន្តរជាតិផង ។

ខ្ញុំបាទសូមគោរពរាយការណ៍អំពីលទ្ធផលសម្រេចបានលើការដ្ឋាននានានៃកំណែទម្រង់ផ្ទៃក្នុង។

ភ្ញៀវទាំងឡាយដែលធ្វើដំណើរចូលបរិវេណរបស់ក្រសួង ពិតជានឹងបានឃើញថា ក្រសួងកំពុងស្ថិតក្នុងការដ្ឋានដ៏ធំមួយ ។ តាមពិតមិនមែនមានតែការដ្ឋានរូបវន្តជាសំណង់ប៉ុណ្ណោះទេ គឺមានការដ្ឋានផ្សេងទៀតកំពុងតែដំណើរការពោលគឺការដ្ឋានកំណែទំរង់លើវិស័យស្ថាប័ន និងរចនាសម្ព័ន្ធ ធនធានមនុស្សនិងហិរញ្ញវត្ថុ ។

១. ការដ្ឋានសំណង់ ៖

មានការងារ២ កំពុងដំណើរការព្រមគ្នា គឺការជួសជុលអាគារកណ្ដាលមានស្រាប់ដែលមានចំណាស់១៤ឆ្នាំហើយៗដែលមិនមានឱកាសបានទទួលការជួសជុលសោះ ។ អាគារនេះមានស្ថាបត្យកម្មប្រណិត រចនាបទសមសួនខ្លាំងណាស់ ប៉ុន្តែមកដល់សព្វថ្ងៃនេះ សំណង់នេះពិបាកឆ្លើយតបនឹងតម្រូវការការងារ និងសេវាតទៅទៀត ។ សំណង់អាគារ២ ជាស្លាបសង្ខាងនឹងមកអមអគារធំនេះ ។ ស្លាបខាងជើង នឹងផ្ដល់លំហការិយាល័យបន្ថែម សម្រាប់មន្រ្តីបុគ្គលិកបំពេញការងារក្នុងផាសុខភាព និងភាពថ្លៃថ្នូ ។ ស្លាបខាងត្បូង នឹងក្លាយជាអគារនៃវិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សា   អន្តរជាតិ។

២. កំណែទំរង់ស្ថាប័ន និងរចនាសម្ព័ន្ធ ៖

ក្រសួងបានរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញ ដោយបង្កើតអគ្គនាយកដ្ឋានថ្មីចំនួន៤
នាយកដ្ឋានថ្មីមួយចំនួន ក្នុងនោះមាននាយកដ្ឋានកិច្ចការព្រំដែន ដែលនឹងត្រូវដើរតួជាសេនាធិការ និងជាយន្តការសម្របសម្រួលទំនាក់ទំនងរវាងក្រសួង និងអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ។ វិទ្យាសា្ថនជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ គឺជាស្ថាប័នថ្មីបង្កើតឡើងដើម្បីកសាង និងពង្រឹងជួរអ្នកការទូតរបស់យើងឲ្យមានវិជ្ជាជីវៈច្បាស់លាស់ពិតប្រាកដ និងបំពេញមុខងារជាតំណាងដ៏សក្តិសមនិងការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋយើងលើឆាកអន្តរជាតិ ។ ការកែសម្រួលទាំងនេះ គឺក្នុងគោលបំណងឆ្លើយតបនឹងវិសាលភាពថ្មីនៃការងារក្រសួងផង និងបំពេញឲ្យបានពេញលេញនូវតួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូផង ។ ជាមួយនឹងការបង្កើតក្រុមការងារមួយចំនួន ដូចជាក្រុមការងារដើម្បីរៀបចំការគ្រប់គ្រងទិន្នន័យនានាដោយប្រព័ន្ធឌីជីថលជាដើមនោះ យើងខ្ញុំក៏បានចាប់ផ្ដើមពិចារណាអំពីលទ្ធភាពនៃការធ្វើសមាហរណកម្ម ក្រុមស្រាវជ្រាវនិងវិភាគព័ត៌មាន (IRAG) ចូលក្នុងក្រសួងការបរទេស ដើម្បីឲ្យក្រសួងយើងមានក្រុមពិចារណារបស់ខ្លួន ដើម្បីផ្ដល់ប្រឹក្សាដល់ការងារបរទេស ។

៣. វិស័យធនធានមនុស្ស និងហិរញ្ញវត្ថុ

ខ្ញុំបាទទទួលស្គាល់ថា នេះជាការដ្ឋានដ៏ពិបាកមួយ ។ គឺជាដំណើរការផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថ និងរបៀបរបបការងារក្នុងក្រសួងទាំងមូល ។ ក្រសួងបង្ខំឲ្យមានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ទាំងចំណាយ និងចំណូល យើងខ្ញុំបានកំណត់ឲ្យផ្អែកលើតម្លាភាពសមធម៌សមត្ថភាព និងគុណសម្បត្តិក្នុងការតែងតាំង គិតពី «យើង» ច្រើនជាងគិតពី «ខ្ញុំ» ពោលគឺគិតពីផលប្រយោជន៍សមូហភាព ផលប្រយោជន៍យើងទាំងអស់គ្នា ច្រើនជាងផលប្រយោជន៍បុគ្គល ឬក្រុមណាមួយ ។ ដើម្បីធ្វើឲ្យសម្រេចគោលបំណងនេះ គឺត្រូវបំបាត់អំពើពុករលួយ ការកេងប្រវ័ញ្ច ឬការនិយមបក្សពួក ។

ដោយមានការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងបានគិតគូរដល់ជីវភាពរបស់មន្រ្តីការទូត មន្រ្តីរាជការ បុគ្គលិករបស់យើង ដើម្បីឲ្យការរស់នៅនិងបំពេញការងាររបស់គាត់មាន
លក្ខណៈសមរម្យ និងមិនត្រូវរំខានដោយកង្វះខាតខាងជីវភាព ។ សម្រាប់អ្នកការទូតយើងនៅបរទេស ចាប់ពីដើមឆ្នាំ២០១៧នេះទៅ យើងបានតំឡើងប្រាក់ខែ និងប្រាក់ឈ្នួលផ្ទះជូនគាត់ ហើយបានផ្តល់ឲ្យវិញនូវប្រាក់ឧបត្ថម្ភសម្រាប់សហព័ទ្ធ និងកូនក្រោមអាយុ​១៨ឆ្នាំ ។​ កញ្ចប់ថវិកាសម្រាប់ចំណាយទូទៅរបស់ស្ថានបេសកកម្មនានាក៏ត្រូវបានពិនិត្យ កែសំរួលស្របតាមទំហំការងារនិងលក្ខណៈដោយឡែកនៃស្ថានបេសកកម្មទាំងនោះដែរ។ នៅរដ្ឋបាលកណ្តាលវិញ និងជាលើកដំបូងបំផុត ក្រសួងបានរៀបចំរបបប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ ដែលបានមកពីចំណែកមួយនៃការប្រមូលចំណូលជូនរដ្ឋ យកមកបែងចែកជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់របស់ក្រសួង ។ ខ្ញុំបាទសូមឆ្លៀតឱកាសនេះ សូមគោរពអរគុណសម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតនិងគាំទ្រកំណែទម្រង់ទាំងនេះ និងសូមអរគុណក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលបានជួយដោះស្រាយដោយសមរម្យនូវការលំបាកខាងថវិកាកន្លងទៅ ។

  • សម្ដេចតេជោ នាយករដ្ឋមន្រ្តី
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ក្នុងឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាបានដំណើរការសកម្មភាពការងារដ៏មមាញឹកក្នុងការជម្រុញទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌ជាមួយប្រទេសតូចធំ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញទៅមក ។

ជាមួយប្រទេសជាប់ភូមិផងរបងជាមួយ យើងបានខិតខំកសាងទំនាក់ទំនងមិត្តភាពសហ
ប្រតិបត្តិការផង និងដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ផង ដើម្បីកសាងតំបន់ព្រំដែនទាំង នោះ ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផង ។

ទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជារបស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាព្រឹត្តិការណ៍លេចធ្លោ និងមានសារៈសំខាន់ជាងគេបំផុតក្នុងឆ្នាំកន្លងទៅ ដែលទស្សនកិច្ចនេះបានបង្ហាញយ៉ាងច្បាស់ពីឋាមពលនៃទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូសម្រាប់សន្តិភាព សន្តិសុខ ស្ថេរភាពក្នុងតំបន់ ឈរលើមូលដ្ឋាននៃការគោរពគ្នា គាំទ្រគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក។

ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់រវាងថ្នាក់ដឹកនាំកម្ពុជា  និងបណ្តាប្រទេសជាមិត្ត​ ពិសេស ទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសជាច្រើន និងចូលរួមព្រឹត្តិការណ៍សំខាន់ៗ នៅលើលោកនោះ បានពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ  កៀរគរជំនួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស និងសម្រេចកិច្ចព្រមព្រៀង និងគម្រោង
សហប្រតិបត្តិការច្រើន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។

  • សម្ដេចតេជោ នាយករដ្ឋមន្រ្តី
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ថ្វីត្បិតតែមានសញ្ញាជាច្រើនដែលបានបង្ហាញឲ្យឃើញពីការបន្តនិន្នាការសំខាន់ៗនៃឆ្នាំ២០១៦ កន្លងទៅក្តី ក៏ឆ្នាំ២០១៧ បើកទំព័រជាមួយនឹងភាពមិនប្រាកដប្រជាជាច្រើន។

ប្រាកដណាស់ ពិភពលោកនឹងបន្តធ្វើដំណើរនៅលើផ្លូវពហុប៉ូល នៅលើផ្លូវនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចធំៗ ដែលសារៈសំខាន់ និងឥទ្ធិពល នៃទំនាក់ទំនងនោះនឹងទៅហួសពីក្របខ័ណ្ឌទ្វេភាគីទៅទៀត ។ ព្រមជាមួយនេះ Brexit សង្គ្រាមនិងជំលោះនៅមជ្ឈឹម មធ្យមបូព៌ា និងអាហ្រ្វិក អំពីភេវរកម្ម វិបត្តិជនភៀសខ្លួន ភាពតានតឹងនៅអ៊ឺរ៉ុបខាងកើត​ នៅឧបទ្វីបកូរ៉េ តំបន់សមុទ្រចិនខាងត្បូង បញ្ហាប្រែប្រួលធាតុអាកាស ។ល។ សុទ្ធសឹងជាការប្រឈមដែលយើងនឹងបន្តជួបប្រទះក្នុងឆ្នាំថ្មីនេះ ។

គឺក្នុងបរិការណ៍នេះហើយដែលយើងនឹងត្រូវបំពេញបេសកកម្មការទូតយើងសម្រាប់ឆ្នាំ២០១៧នេះ ។

សម្រាប់ស្ថានបេសកកម្ម/ស្ថានតំណាងរបស់យើងទៅក្រៅប្រទេស យើងនឹងត្រូវខិតខំធ្វើយ៉ាងណាឲ្យការងារកាន់តែមានប្រសិទ្ធភាព ហើយចាប់ដំណើរការងារការទូតពហុវិស័យរបស់យើងកាន់តែសកម្មឡើង ។

យើងនឹងជំរុញឲ្យសកម្មភាពមួយចំនួនដែលប្រទេសជាច្រើនក្នុងលោក កំពុងតែបំពេញស្រាប់ គឺលើកដំកើងមុខមាត់ប្រទេសយើងសំរាប់ជាគោលដៅនៃការវិនិយោគ និងទេសចរណ៍ ។ យើងនឹងសង្កត់ធ្ងន់លើប្រៀបខ្លាំងដែលយើងមាន ពោលគឺសំរាប់ការវិនិយោគ យើងនឹងពឹងផ្អែកលើសន្តិភាព ស្ថេរភាពនយោបាយ និងអាត្រាលូតលាស់ខាងសេដ្ឋកិច្ចលើស៧% ជាមធ្យមក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ភាពជាប្រទេសបើកចំហរជាងគេក្នុងចំណោមប្រទេស ASEAN មានកំលាំងពលកម្ម​       វ័យក្មេង និងប្រាក់ឈ្នួលប្រកួតប្រជែង ។ ខាងទេសចរណ៍វិញយើងនឹងខិតខំបន្តផ្សព្វផ្សាយទាក់ទាញភ្ញៀវដោយផ្អែកលើ ភាពល្បីល្បាញនៃប្រាសាទបុរាណ រមនីយដ្ឋាន និងសម្បត្តិធម្មជាតិដ៏សំបូរនិងជាពិសេសការញញឹមរាក់ទាក់របស់ប្រជាពលរដ្ឋយើង ក្មេងចាស់ដែលបានធ្វើឲ្យកម្ពុជាជាប់ឈ្មោះជាប្រទេសលេខមួយក្នុងចំណោមប្រទេសដែលគួរស្រលាញ់រាប់អានជាងគេក្នុងលោក ។

ស្ថានតំណាងយើងក៏នឹងត្រូវបន្តប្រឹងប្រែងជួយការពារប្រជាពលរដ្ឋយើងរស់នៅឯក្រៅប្រទេស និងការពារផលប្រយោជន៍របស់ពួកគាត់ ជួយដល់ពលករយើងដែល ធ្វើការនៅឯនាយ ពិសេសធ្វើការដោយមិនស្របច្បាប់ និងទទួលរងគ្រោះដោយពួកមេខ្យល់ និងដោយថៅកែខ្លះ ។

  • សម្ដេចតេជោ នាយករដ្ឋមន្រ្តី
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានគាំទ្រដល់កិច្ចប្រឹងប្រែងរបស់យើងខ្ញុំក្នុងការកែទំរង់នានា និងបានដឹកនាំវិស័យការទូតប្រកបដោយសុភវិនិ-   ច្ឆ័យ និងគតិបណ្ឌិតសំរាប់កម្ពុជាមួយឯករាជ្យ អធិបតេយ្យ សន្តិភាព អភិវឌ្ឍន៍ និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ។

ខ្ញុំក៏សូមអរគុណបណ្ដាក្រសួង ស្ថាប័ន ស្ថានទូត ស្ថានបេសកកម្ម អង្គការអន្តរជាតិនានាដែលតែងផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់បេសកកម្មរបស់ក្រសួង ។

ជាទីបញ្ចប់នេះ ខ្ញុំបាទសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ទទួលបាននូវពុទ្ធិពរទាំងបួនប្រការ និងទទួលបាននូវជ័យជំនៈគ្រប់ភារកិច្ច ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមគោរពអញ្ជើញសម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ។ សូមគោរពអញ្ជើញសម្ដេច ។

 


សេចក្តីប្រកាសព័ត៌មាន

  • មិនា ៣, ២០១៧

មាតុ​ភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​២​នាក់​ ពី​ប្រទេស​ឥណ្ឌូ​នេស៊ី ​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី សហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការ​ អន្តរជាតិ​ទេសន្តរប្រវេសន៍(IOM) បានរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែររងគ្រោះចំនួន២នាក់  ផ្សេង​ទៀត (ក្នុង​ចំណោម​១៨នាក់ ដែល១៦នាក់ បានមកដល់កម្ពុជាវិញ កាលពីខែមករា ឆ្នាំ២០១៧: សេចក្តីជូនព័ត៌មានរបស់ក្រសួង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧) ដែលជាពលករ​លើ​ទូក​នេសាទឈ្មោះ KM.JHF 6525 T បន្ទាប់ពីពួកគេ​ត្រូវបាន​​ឃាត់ខ្លួនមួយ​រយៈ​នៅការិយាល័យអន្តោប្រវេសន៍ Immigration Class III Tarempa កោះRiau ប្រទេសឥណ្ឌូនេស៊ី។

ពលរដ្ឋខ្មែររងគ្រោះទាំង២នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើ​ង​យន្ត​ហោះ MH762  នៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៧:នាទី។

ក្រៅពីនេះ តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងទាមទារប្រាក់ខែនិងផលប្រយោជន៍ផ្សេងៗទៀតពីម្ចាស់ទូកនេសាទ ជូន​ពលករខ្មែររងគ្រោះទាំង១៨នាក់នេះ។

សូមរំលឹកថា ពលរដ្ឋខ្មែរទាំង២នាក់ ត្រូវបានការិយាល័យ​អន្តោប្រវេសន៍​ប្រចាំកោះ Riau ស្នើទុក​សម្រាប់​ធ្វើជាសាក្សី ដើម្បី​កាត់ទោស​​ម្ចាស់ទូកនេសាទ។

               ភ្នំពេញ, ថ្ងៃទី ​១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧


សេចក្តីប្រកាសព័ត៌មាន

  • មិនា ៣, ២០១៧

ការ​ជួយ​សង្គ្រោះ​ និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ពល​រដ្ឋ​ខ្មែរ​ ពី​ប្រទេស​វៀត​ណាម ​និង​ម៉ា​ឡេស៊ី​

១. ស្ថានអគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម​​ រៀបចំ​មាតុ​ភូមិ​និវត្តន៍របស់​ពលរដ្ឋខ្មែរចំនួន២៧នាក់ (ស្រ្តី ១០នាក់ និងកុមារ១៧នាក់) មកពីស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង  ដែលចូលទៅសុំទាន ​និងលក់​ឆ្នោត​​ខុស​ច្បាប់ ​​​​នៅក្នុងខេត្តទៀនយ៉ាង ​ប្រទេស​វៀតណាម ត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ តាមច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៊ិញហៀប-ព្រៃវ័ល្លិ ហើយបានប្រគល់ជូនមន្ទីរសង្គមកិច្ច​ខេត្ត​ស្វាយរៀង។​

ពលរដ្ឋខ្មែរទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរវៀតណាម រក្សាទុកនៅមជ្ឈមណ្ឌលគាំពារសង្គម នៃមន្ទីរសង្គមកិច្ចខេត្តទៀងយ៉ាង។

២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់ពលការិនី​ខ្មែរ​ ឌ.ស.ណ អាយុ២៩ឆ្នាំ មកពីទីក្រុងភ្នំពេញ បន្ទាប់ពី​បានធ្វើដំណើរ​ទៅ​ម៉ាឡេស៊ី បំរើ​ការងារ​ជា​អ្នកបោសសំអាត កាលពីខែសីហា ឆ្នាំ​២០១១ តាយរយៈ​​​​​​​​​​​​​​​​​​ក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយ​និយោជក​​ប្រើ​​អំពើហិង្សា និងមិនផ្តល់​ប្រាក់ខែ នាងបានទូរស័ព្ទមកស្ថានទូតស្នើសុំជួយ​អន្តរាគម​ន៍​ឲ្យនាងបានត្រឡប់ទៅកម្ពុជាវិញ ប៉ុន្តែនាងពុំស្គាល់អាស័យដ្ឋានដែលកំពុងរស់នៅ​ឡើយ​។ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៦ ពលការិនីខាងលើ បានលួចរត់ចេញពីកន្លែងធ្វើការ នៅរដ្ឋ Selangor។ ស្ថាន​ទូត​​បាន​​​សហការជាមួយអង្គការ Malaysian Trades Union Congress ក្នុងការ​ស្វែង​រក និងបាននាំនាង​មក​ស្ថាន​ទូតនៅថ្ងៃដដែល។

ដោយករណីនេះ​​​ ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស និងប្រើអំពើហិង្សា អាជ្ញាធរម៉ាឡេស៊ី​ស្នើឲ្យ​ពលការិនី ឌ.ស.ណ ស្នាក់នៅ Central Zone Women Shelter  ដើម្បីធ្វើការស៊ើបអង្កេត។ នៅខែតុលា ឆ្នាំ២០១៦ និយោជករបស់នាង ឈ្មោះ Chong Cun Cun និងប្រពន្ធឈ្មោះ Wau Sun Want​ ត្រូវបានឃាត់ខ្លួន ហើយនៅខែធ្នូ ឆ្នាំ២០១៦ តុលាការ​បានសម្រេច​ឲ្យ​និយោជក​​របស់នាងត្រូវសង​ប្រាក់ខែ​គ្រប់ចំនួនជូនពលការិនី។​

ពលការិនី ឌ.ស.ណ បានទទួលសំណងគ្រប់ចំនួន និងបានមក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តាមជើងយន្តហោះ AK536  នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក

៣. ក្រោយពីបានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារសាម៉ីខ្លួន ក្រសួងការបរទេស និងសហ​ប្រតិបត្តិ​​ការ​អន្តរជាតិបានណែនាំដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ធ្វើការស្រាវជ្រាវ និង​អន្ត​រា-​គមន៍​ជួយដល់​ពលការិនី​ខ្មែរ ៣រូប​ ដែលក្រុមគ្រួសារបានអះអាងថា កំពុងជួបការលំបាកក្នុងការងារ និង​បានទូរស័ព្ទ​មកពួកគាត់​ដើម្បីជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក​. ឈ្មោះ មិញ សារឹម មកពីខេត្តកំពង់ធំ និង ឈ្មោះ សូ ផល មកពីខេត្តសៀមរាប ស្ថានទូត​បាន​ផ្តល់​ដំណឹងថា ក្រោយពីការទាក់ទងតាមរយៈលេខទូរស័ព្ទដែលក្រុមគ្រួសារបានផ្តល់ឲ្យ ពល​ការិនី​ទាំងពីរ​ខាងលើ បានជំរាបស្ថានទូតថា បច្ចុប្បន្នពួកគេសុខសប្បាយ និងចង់ធ្វើការនៅម៉ាឡេស៊ីបន្តទៀត។

. ចំណែក ឈ្មោះ បាន នី ដែលគ្រួសារអះអាងថាជាបងប្អូនជីដូនមួយរបស់ សូ ផល ពលការិនី សូ ផល បានជំរាបស្ថានទូតថាពុំដែលស្គាល់ និងមានទំនាក់ទំនងជាមួយពលការិនី បាន នី ឡើយ ហើយ​បច្ចុប្បន្ន ស្ថានទូត​កំពុង​ព្យាយាមទាក់ទងបន្តទៀត។

ភ្នំពេញ, ថ្ងៃទី​ ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧


សេចក្តីប្រកាសព័ត៌មាន

  • មិនា ៣, ២០១៧

ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ អន្តរា​គមន៍​ជួយ​ស្រ្តី​ខ្មែ​រ​រ​ង​គ្រោះ​នៅ​ប្រទេស​ចិន​

. ស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិ​និវត្តន៍​​​ដល់ស្រ្តីខ្មែររងគ្រោះចំនួន​២នាក់ ដូចខាងក្រោម៖ ​​​

ស្រ្តីឈ្មោះ .ស.ស អាយុ២៣ឆ្នាំ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានមេខ្យល់នាំទៅរៀបការ ជាមួយបុរសជនជាតិចិននៅខេត្តហូណាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

ស្រ្តីឈ្មោះ .ស.រ អាយុ៣៦ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានមេខ្យល់នាំទៅរៀបការ ជាមួយបុរសជនជាតិចិននៅខេត្តហូណាន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

ស្រ្តីទាំងពីរនាក់ ត្រូវបានមេខ្យល់នាំទៅប្រទេសចិនដោយធ្វើដំណើរកាត់តាមប្រទេសវៀតណាម ដោយ​​គ្មាន​ទិដ្ឋាការ​។ ស្រ្តីរងគ្រោះ បានទៅស្ថានអគ្គកុងស៊ុល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្នើសុំជួយបាន ត្រឡប់មកកម្ពុជាវិញ។ ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលអាជ្ញាធរចិន និងអង្គការអន្តរជាតិ​ទេសន្តរ​ប្រវេសន៍ (IOM) ប្រចាំទីក្រុងប៉េកាំង ដើម្បីរៀបចំមាតុភូមិនិវត្តន៍ជូនពួកគេ។

ស្រ្តីខ្មែររងគ្រោះទាំងពីរនាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង១៣:២០នាទី តាមជើងយន្តហោះCZ6059

.​ ក្រោយពីទទួលបានបណ្តឹងរបស់ក្រុមគ្រួសារសាម៉ីខ្លួន ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានណែនាំដល់ស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន ឲ្យអន្តរាគមន៍​ជួយ​សង្គ្រោះស្រ្តីខ្មែរ ឈ្មោះ ច.ក អាយុ២៨ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្តាល ដែលត្រូវបានមេខ្យល់បោក​បញ្ឆោត​​នាំទៅរៀបការជាមួយបុរសជនជាតិចិន អំឡុងខែមេសា ឆ្នាំ២០១៣ ដោយពុំបានចុះ​លិខិត​អាពាហ៍​​ពិពាហ៍ឡើយ។ ដោយពុំអាចរស់នៅជាមួយប្តីបាន​ ស្រ្តីរងគ្រោះបានរត់ចេញ​ពីផ្ទះ ហើយត្រូវបានអាជ្ញាធរ​ចិននៅទីក្រុងវិនចូវ នៃខេត្ត​ជឺជាំង ឃុំខ្លួនពីបទស្នាក់នៅប្រទេស​ចិន​ខុសច្បាប់​។

ស្ថានអគ្គកុងស៊ុលកំពុងសម្របសម្រួលជា​មួយ​អាជ្ញាធរ​ចិន រៀបចំមាតុភូមិនិវត្តន៍របស់​ស្ត្រីរង​គ្រោះ​រូបនេះ។

               ភ្នំពេញ, ថ្ងៃទី​ ១០ ខែ កុម្ភៈ ឆ្នាំ ២០១៧


សេចក្តីប្រកាសព័ត៌មាន

  • មិនា ៣, ២០១៧

មាតុ​ភូមិ​និវត្តន៍​របស់​ពលកា​រិនី​ខ្មែរ​ ៧​នាក់​ ពី​ប្រទេស​ម៉ា​ឡេស៊ី ​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់ពលការិនី​ខ្មែរ​ចំនួន​៧នាក់ ដូចខាងក្រោម៖ ​​​

(១) ពលការិនី .. អាយុ៣៣ឆ្នាំ និង (២) ពលការិនី .ដ.ន  អាយុ២២ឆ្នាំ។ អ្នកទាំងពីរ មកពីស្រុក​សៀមរាប ខេត្តសៀមរាប បានធ្វើដំណើរទៅម៉ាឡេស៊ី​ដោយខ្លួនឯង និងបំរើការងារជាអ្នកម៉ាស្សា កាលពីឆ្នាំ​២០១៦​។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីទាំង​២នាក់​ បានស្នើសុំអន្តរាគមន៍ពី​ស្ថាន​ទូត​នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។ ស្ថានទូត​បានជួយសម្រប​សម្រួលជា​មួយកា​រិយាល័យអន្តោប្រវេសន៍​ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនី មុនមាតុភូមិនិវត្តន៍របស់អ្នកទាំងពីរ។

ពលការិនី .. និង .ដ.ន  បានមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK542 ។​

(៣) ពលការិនី ភ.ស.ទ  អាយុ៤០ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់នាំទៅ​បម្រើ​ការងារ​តាមផ្ទះនៅម៉ាឡេស៊ី ដោយធ្វើដំណើរ​តាម​រថយន្ត​កាត់​តាមប្រទេស​ថៃ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៦​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ ​ដោយចង់ត្រឡប់ទៅកម្ពុជាវិញ ​ពលការិនី បានស្នើសុំអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី ២៣ ខែ​មករា ឆ្នាំ​២០១៧។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែង​ស្នាក់នៅ និងអាហារបរិភោគដល់ពលការិនី។  ​

(៤) ពលការិនី ជ.ឡ.អ អាយុ២៥ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ ទៅម៉ាឡេស៊ីធ្វើការងារតាមផ្ទះ ក្នុងខែកញ្ញា ឆ្នាំ២០១៦។ ដោយពុំអាចទ្រាំនឹងការងារលំបាកបាន នាងបាន​លួចរត់​ចេញពីផ្ទះ Agency (សាម៉ីខ្លួនមិនចាំឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋានឡើយ) នៅខែមករា ឆ្នាំ២០១៧ និងបានរស់នៅក្នុងចំណតស្ថានីយរថយន្តក្រុង​អស់​រយៈពេលមួយខែ ហើយបន្ទាប់​មក​ត្រូវ​បានតំណាងរាស្ត្រទីក្រុង Puchong នៃរដ្ឋ Selangor ជូន​ទៅ​ស្ថានទូត​ នៅថ្ងៃទី០៧ ខែកុម្ភៈ។

ស្ថានទូតបានចេញលិខិត​ធ្វើដំណើរ  សម្របសម្រួល​ជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី​ និងឧបត្ថម្ភ​សំបុត្រយន្តហោះជូន ដើម្បីអោយនាងអាចត្រឡប់មកកម្ពុជាវិញ។

(៥)​ ពលការិនី អ.ស.ល ​អាយុ២២ឆ្នាំ​ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ី​ធ្វើការជាអ្នកបោសសំអាត កាលពីខែតុលា​ ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

(៦) ពលការិនី .. អាយុ២៥ឆ្នាំ មកពីស្រុកព្រៃវែង ខេត្តព្រៃវែង បានទៅម៉ាឡេស៊ី​ធ្វើការជាអ្នកបោសសំអាត កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយ​ធ្វើការ​លំបាក នាងបានស្នើសុំស្ថានទូតនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ជួយឲ្យបាន​ត្រឡប់មកកម្ពុជាវិញ។

និ​យោជក​របស់​ពលការិនី​ទាំង២នាក់ បាន​ផ្តល់សំបុត្រយន្តហោះ និងចេញថ្លៃបង់ពិន័យ​ឲ្យ​ការិយាល័យ​​អន្តោប្រវេសន៍ម៉ាឡេស៊ី តាមសំណើរបស់ស្ថានទូត។​

() ពលការិនី ស.ម.រ អាយុ១៩ឆ្នាំ មកពីស្រុកស្នួល ខេត្តក្រចេះ បានទៅម៉ាឡេស៊ី​ធ្វើការតាមផ្ទះ កាលពីខែតុលា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ នៅថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ២០១៧ និយោជក​របស់​ពលការិនី​បាននាំនាងមកស្ថានទូត ស្នើសុំជួយ​រៀបចំ​ឯកសារ​ដើម្បី​នាងអាចត្រឡប់មកកម្ពុជាវិញ ដោយ​សារ​​នាងមាន​ផ្ទៃពោះ ពុំអាចបំពេញការងារបន្តទៀតបាន។ ពលការិនីមានផ្ទៃពោះ តាំងពីមុនទៅ​ម៉ាឡេស៊ី។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ចំណែកនិយោជក​របស់​ ​​ពលការិនីបានទិញសំបុត្រយន្តហោះជូននាង។

ពលការិនីទាំង៥នាក់ (លេខរៀងទី៣ ដល់ទី៧) នឹងមកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាម​ជើង​យន្តហោះ​ AK536

               ភ្នំពេញ, ថ្ងៃទី​ ១០ ខែ កុម្ភៈ ឆ្នាំ ២០១៧


បណ្តុំវិឌីអូ

  • មិនា ៣, ២០១៧

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យលោកស្រី Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យលោកស្រី Wan Hea-Lee  តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ​ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧។


បណ្តុំវិឌីអូ

  • មិនា ៣, ២០១៧

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ ២០១៧។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ ២០១៧។


បណ្តុំវិឌីអូ

  • មិនា ៣, ២០១៧

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីពិធីបុណ្យឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ព្រមទាំងស្រោចសុគន្ធវារី ប្រគេនព្រះតេជគុណ រ៉េត ភិរុណ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវត្តជម្ពូព្រឹក្ស ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីពិធីបុណ្យឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ព្រមទាំងស្រោចសុគន្ធវារី ប្រគេនព្រះតេជគុណ រ៉េត ភិរុណ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧  នៅវត្តជម្ពូព្រឹក្ស ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។


សេចក្តីប្រកាសព័ត៌មាន

  • មិនា ៣, ២០១៧

ឯក​ឧត្តម​ សា​លើម​សៃ​ គុំ​ម៉ា​ស៊ី​ត​ រដ្ឋ​មន្ត្រី​កា​រ​បរទេ​ស​នៃ​សា​ធា​រណ​រ​ដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ​ នឹង​​ដឹក​នាំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពីថ្ងៃ​ទី​ ២២ ​ដល់​ ២៥​ ខែមករា​ ឆ្នាំ​ ២០១៧​

តាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ-​ការ​អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត​ (Saleumxay KOMMASITH)​ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​​​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ពីថ្ងៃទី​ ២៣ ដល់ ២៥ ខែ​ មករា ឆ្នាំ ២០១៧

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

 ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត នឹងជួបសំដែងការគួរសមជាមួយ​សម្តេច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងជួបចចារផ្លូវការជាមួយ         ឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន

ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ក៏នឹងចូលរួមកិច្ចប្រជុំនៃគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ជាមួយឯកឧត្តម វ៉ា គីមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនេះផងដែរ​។

ក្រៅពីនោះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត នឹងអញ្ជើញទស្សនាសារមន្ទីរជាតិ។

ភ្នំពេញ,​ ថ្ងៃទី​ ១៨ ខែ​ មករា ឆ្នាំ ២០១៧