សេចក្តីប្រកាសព័ត៌មាន

  • តុលា ១៤, ២០១៦

ស្ថាន​អគ្គ​កុង​ស៊ុល​​កម្ពុជា​​សម្រ​ប​សម្រួល​​ដោះ​លែង​​ពលរដ្ឋ​ខ្មែរ​​​​​១៣នាក់​​នៅ​​ម្តុំផ្សារ​​រ៉ុងក្លឿ​ ខេត្ត​សាកែវ​

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានផ្តល់ព័ត៌មានថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ នគរបាលអន្តោប្រវេសន៍ថៃ រួមនឹងអាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន បានចុះត្រួតពិនិត្យអ្នកឆ្លងដែនចូលប្រទេសថៃនៅចំណុចបរិវេណបន្ទប់ជួល១០០ខ្នង ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ និងបានឃាត់ខ្លួនពលរដ្ឋកម្ពុជា ដែលឆ្លងដែនទៅស្នាក់នៅនិងធ្វើការខុសច្បាប់ ចំនួន១៣នាក់

ស្ថានអគ្គកុងស៊ុល បានទៅជួបពលរដ្ឋខ្មែរទាំង១៣នាក់ នៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្រុក អារញ្ញប្រាថេត និងទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរទាំងនោះ (បុរស១០នាក់ និងនារី៣នាក់) មកពីខេត្ត កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ បានឆ្លងដែនចូលទៅប្រទេសថៃ ដោយពុំមានឯកសារអ្វីទាំងអស់ ហើយស្នាក់នៅនិងប្រកបរបរដេរទ្រនាប់ជើង និងបោកអ៊ុតនៅក្បែរផ្សាររ៉ុងក្លឿ។

ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលជាមួយអាជ្ញាធរថៃឲ្យដោះលែង និងបញ្ជូនពលរដ្ឋខ្មែរទាំង១៣នាក់ ត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

      ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៦