សេចក្តីប្រកាសព័ត៌មាន

  • កញ្ញា ២៦, ២០១៦

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវជួយធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរ៣៤នាក់

បន្ទាប់ពីមានការចុះផ្សាយព័ត៌មានក្នុងប្រព័ន្ធឃោសនា ស្តីពីករណីអាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរខុសច្បាប់ ៣៦នាក់ ដែលទៅធ្វើការបេះផ្លែឈើនៅខេត្តឈៀងម៉ៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទាក់ទងនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលអន្តោប្រវេសន៍ថៃ ដើម្បីអន្តរាគមន៍ជួយពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។

នៅថ្ងៃទី ២២ កញ្ញា ២០១៦ ស្ថានអគ្គកុងស៊ុល បានចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ៣៤នាក់ (មនុស្សធំ ២៧នាក់ និងក្មេង៧នាក់) (ពុំមែន៣៦នាក់ទេ) នៅទីស្នាក់ការអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។    ពួកគាត់បានឲ្យដឹងថា កាលពីថ្ងៃទី ២២ កក្កដា ២០១៦ ពួកគាត់បានចូលទៅប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង(បាត់ដំបង)-បានឡែម(ខេត្តច័ន្ទបុរី) ដោយប្រើប័ណ្ណចេញចូលប្រចាំថ្ងៃ។ នៅថ្ងៃដដែលមានមេខ្យល់ជនជាតិថៃ បញ្ចុះបញ្ចូលពួកគាត់ទៅធ្វើការងារបេះផ្លែមៀន និងផ្លែតាង៉ែន នៅខេត្តឈៀងម៉ៃ។  ពេលធ្វើការបាន១ខែកន្លះ ថៅកែពុំបើកប្រាក់ឈ្នួលឲ្យ ហើយបានដឹកពួកគាត់យកទៅទម្លាក់ចោលនៅកន្លែងស្ងាត់នៅក្នុងខេត្តឡាំភូន ភាគខាងជើងប្រទេសថៃ រួចគេចខ្លួនបាត់។ ដោយមានការជួយកអាសារពីអ្នកស្រុកថៃ នៅថ្ងៃទី ១០ កញ្ញា ២០១៦ ពួកគាត់បានធ្វើដំណើរមកដល់ផ្លូវជាតិ ប្រទះនឹងនគរបាលខេត្ត ហើយក៏នាំពួកគាត់មកឃុំឃាំងសាកសួរព័ត៌មាន និងបានបញ្ជូនមកអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។ ដោយពលរដ្ឋទាំងនេះ ជាជនឆ្លងដែនខុសច្បាប់ នគរបាលថៃបានសំរេចបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។

ស្ថានអគ្គកុងស៊ុល បានសហការជាមួយនគរបាលអន្តោប្រវេសន៍ខេត្តច័ន្ទបុរី ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខែ្មរទាំង៣៤នាក់ ត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិដូង-បានឡែម នៅថ្ងៃទី ២២ កញ្ញា ឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ស្ថានអគ្គកុងស៊ុល បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធថៃជួយរកមុខសញ្ញាជនជាតិថៃដែលជាមេខ្យល់ មកផ្តន្ទាទោសតាមច្បាប់។

ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦


សេចក្តីប្រកាសព័ត៌មាន

  • កញ្ញា ២, ២០១៦

កិច្ចអន្តរាគមន៍ជួយពលករខ្មែរ១៦នាក់ ដែលត្រូវបានឃាត់ខ្លួននៅខេត្តសាកែវ ប្រទេសថៃ

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំអោយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ធ្វើអន្តរាគមន៍ដោះស្រាយជាបន្ទាន់ បន្ទាប់ពីបានទទួលដំណឹងថា មានពលករខ្មែរចំនួន១៦នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តសាកែវ   ខណៈដែលពួកគេធ្វើដំណើរពីទីក្រុងបាងកកត្រឡប់មកកម្ពុជាវិញ ដោយពុំមានលិខិតឆ្លងដែនឬឯកសារធ្វើដំណើរ។

ស្ថានអគ្គកុងស៊ុល បានចុះជួបសួរសុខទុក្ខពលករខ្មែរទាំង១៦នាក់ (បុរស៧នាក់ – នារី៩នាក់) នៅអគ្គបញ្ជាការដ្ឋានកងទ័ពកម្លាំងបូព៌ាថៃ ស្រុកវឌ្ឍណាណាខន ខេត្តសាកែវ ហើយទទួលបានព័ត៌មានថា ពួកគេជាពលករស្របច្បាប់ ដែលបានធ្វើការនៅរោងចក្រកាត់ដេរ នៅទីក្រុងបាងកក។ ពលករទាំង១៦នាក់ បានសម្រេចចិត្តសុំឈប់ពីការងារ ប៉ុន្តែថៅកែពុំព្រមអោយឈប់ និងបានដកហូតលិខិតឆ្លងដែនរបស់ពួកគាត់ទុក។ ស្ថានអគ្គកុងស៊ុល បានសំរបសំរួលជាមួយអាជ្ញាធរថៃ ឲ្យមានការដោះលែងពលករខ្មែរ ហើយបានទាក់ទងជាមួយថៅកែថៃឲ្យប្រគល់លិខិតឆ្លងដែន ដល់ពលករខ្មែរទាំង១៦នាក់ នេះវិញ។

ក្រោយពេលទទួលបានលិខិតឆ្លងដែន ស្ថានអគ្គកុងស៊ុលបានរៀបចំជូនដំណើរពលករទាំង១៦នាក់នេះ ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។

ពលករទាំង១៦នាក់ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងមានឈ្មោះដូចខាងក្រោម៖

១- យូ សារឿម   (ប្រុស)      អាយុ២៥ឆ្នាំ  នៅស្រុកមង្គលបុរី

២- យូ គឹមហួយ (ស្រី)        អាយុ២៧ឆ្នាំ  នៅស្រុកមង្គលបុរី

៣- យូ សេរី        (ប្រុស)      អាយុ២៥ឆ្នាំ  នៅស្រុកមង្គលបុរី

៤- យូ គឹមហ៊ុន   (ស្រី)        អាយុ២៥ឆ្នាំ  នៅស្រុកមង្គលបុរី

៥- ឡូយ ឡាត់    (ប្រុស)     អាយុ២២ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

៦- ឡូ ណាស៊ី      (ស្រី)       អាយុ៣៩ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

៧- រ៉ុមតេង          (ស្រី)         អាយុ១៩ឆ្នាំ នៅស្រុកព្រះនេត្រព្រះ

៨- តេ ស៊ុន          (ស្រី)         អាយុ២៣ឆ្នាំ នៅស្រុកព្រះនេត្រព្រះ

៩- តៃ ទី              (ស្រី)         អាយុ២០ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

១០- ឡុំ លឿ       (ប្រុស)      អាយុ២១ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

១១- ថា បារាំង    (ប្រុស)       អាយុ២១ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

១២- ថាន់ សុភណ្ឌ    (ប្រុស)    អាយុ២៨ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

១៣- សួន កាន          (ប្រុស)    អាយុ២៣ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

១៤- ញ៉ូវ គៀត          (ស្រី)       អាយុ២១ឆ្នាំ   នៅស្រុកព្រះនេត្រព្រះ

១៥- ស៊ុន ប៊ុនធៀវ     (ស្រី)       អាយុ២០ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ

១៦- ខឿង សុឃឿម   (ស្រី)      អាយុ២០ឆ្នាំ  នៅស្រុកព្រះនេត្រព្រះ ៕

ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០១៦