សេចក្តីប្រកាសព័ត៌មាន

  • មិថុនា ២៤, ២០១៦

ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សាកែវ​ ប្រទេស​ថៃ ​អន្តរាគមន៍​ជួយ​ពល​ករ​ខ្មែរ​ ចំនួន​ ២២​នាក់ ​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​​

អាជ្ញាធរថៃខេត្តសាកែវ និងនគរបាលអន្តោប្រវេសន៍ខេត្ត  បានចុះត្រួតពិនិត្យ និងបោស សម្អាតពលករខុសច្បាប់ក្នុងសិប្បកម្មម្នាងសិលាចំនួន ៣ កន្លែង នៅឃុំសាលាលាំឌួន ទីរួមខេត្ត សាកែវ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ ហើយបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២២នាក់ ដែលពុំមានលិខិតឆ្លងដែន ឬ Border Pass (១៦នាក់ជាពលករខុសច្បាប់ និងកុមារ៦នាក់ ជាកូនរបស់ពួកគេ)។ បន្ទាប់ពីបានទទួលព័ត៌មាននេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ  បានចុះទៅទីស្នាក់ការនគរបាលអន្តោប្រវេសន៍ ដើម្បីអន្តរាគមន៍ជួយពលករខ្មែរ ខុសច្បាប់ទាំងនោះ ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ  ។

តាមការទាមទាររបស់ស្ថានអគ្គកុងស៊ុល និងការសំរបសំរួលរបស់អាជ្ញាធរថៃ ថៅកែថៃ បានយល់ព្រមផ្តល់ប្រាក់ឈ្នួលពលកម្មដែលពុំទាន់បើកជូនពលករទាំង១៦នាក់ និងបានសន្យាបន្ត ទទួលយកពលករទាំង១៦នាក់ខាងលើ ឱ្យចូលធ្វើការស្របច្បាប់ក្នុងសិប្បកម្មពេលវិលត្រឡប់ ពីធ្វើឯកសារឱ្យត្រឹមត្រូវនៅកម្ពុជា។ ទន្ទឹមនឹងនេះ ថៅកែបានយល់ព្រមចេញថ្លៃធ្វើឯកសារ ផ្សេងៗជាមុន ដោយបង់រំលស់ចំណាយទាំងនេះពីថ្លៃឈ្នួលពលកម្មរបស់ពលករ នាពេល ខាងមុខ។

ពលរដ្ឋខ្មែរទាំង ២២នាក់ នោះ បានមកដល់មាតុភូមិវិញហើយ កាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ តាមច្រកអន្តរជាតិប៉ោយប៉ែត។

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦