សេចក្តីប្រកាសព័ត៌មាន

  • កក្កដា ៥, ២០១៧

ក្រ​​សួង​ការ​ប​រទេស ​ជំ​រុញ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កា​ររស់​នៅ ​និង​ធ្វើ​ការ​ងា​រ របស់​ពល​ករ​ខ្មែរ​នៅ​ប​រទេស​។

កន្លងមកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សំគាល់ឃើញថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស បានខិតខំអនុវត្តន៍តាមការណែនាំ​របស់ក្រសួង ក្នុងការយកចិត្តទុកដាក់សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ចំពោះការស្នាក់ និងរស់នៅ សុខភាព និងលក្ខខណ្ឌការងាររបស់ពលករកម្ពុជាយើង នៅប្រទេសទាំងនោះ។

ទន្ទឹមនឹងនេះ ក្រសួងក៏បានទទួលរបាយការណ៍ពីស្ថានទូត/ស្ថានអគ្គកុងស៊ុលកម្ពុជា អំពីមូលហេតុ​នៃការបាត់បង់ជីវិតរបស់ពលករ និងការចាត់វិធានការណ៍នានា របស់​ស្ថាប័នមានសមត្ថកិច្ចកម្ពុជា របស់ស្ថានទូត/ស្ថានអគ្គកុងស៊ុល ហើយនិងរបស់អាជ្ញាធរ​នៃប្រទេសម្ចាស់ផ្ទះ ដូចខាងក្រោម៖

១. អំពីមូលហេតុនៃការបាត់បង់ជីវិតៈ

មូលហេតុចំបងនៃការបាត់បង់ជីវិតរបស់ពលកររួមមាន៖ – បញ្ហាសុខភាព – គ្រោះថ្នាក់ការងារ – គ្រោះថ្នាក់ចរាចរណ៍ ។ល។

ក. បញ្ហាសុខភាព

បញ្ហាសុខភាព បង្ករឡើងដោយកត្តា ដូចខាងក្រោម៖

-របបអាហារមិនគ្រប់គ្រាន់ និងមិនទៀងទាត់ (មិនសូវហ៊ានចំណាយលើម្ហូបអាហារ ដោយសារខំប្រឹងសន្សំប្រាក់) ។

-សំរាកមិនបានគ្រប់គ្រាន់ (ធ្វើការបន្ថែមម៉ោង) ។

-កត្តាអាកាសធាតុត្រជាក់ខ្លាំង (ករណីនៅសាធារណរដ្ឋកូរ៉េ) ។

-មានជម្ងឺប្រចាំកាយ និងមិនបានប្រើប្រាស់ថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិត ។ល។

ខ. គ្រោះថ្នាក់ការងារ៖

ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារ បង្ករឡើងដោយកត្តា ដូចខាងក្រោម៖

-ការធ្វេសប្រហែស និងការភ្លាំងភ្លាត់ ក្នុងពេលបំពេញការងារ។

-មិនបានគោរពត្រឹមត្រូវតាមលក្ខខ័ណ្ឌការងារ។

-ការធ្វេសប្រហែសរបស់រោងចក្រចំពោះសុវត្ថិភាពការងារ ។ល។

២. អំពីវិធានការណ៍សំដៅកាត់បន្ថយការបាត់បង់ជីវិតរួមមាន៖

-វិធានការរបស់ស្ថាប័នមានសមត្ថកិច្ចកម្ពុជា ក្នុងការពិនិត្យសុខភាព និងការអប់រំស្តីពីការថែរក្សាសុខភាព មុនពេលពលករត្រូវបានបញ្ជូន ទៅក្រៅប្រទេស។

-ការសហការរបស់ស្ថានទូត/ស្ថានអគ្គកុងស៊ុល ជាមួយអាជ្ញាធររបស់ប្រទេសម្ចាស់ផ្ទះ ក្នុងការអប់រំផ្សព្វផ្សាយពីសុវត្ថភាពការងារ និងសារៈសំខាន់នៃសុខភាព។

-ជំរុញការកែលំអរលក្ខខ័ណ្ឌការងារ នៅតាមទីកន្លែងបំពេញការងាររបស់ពលករ ។ល។

                                                        ភ្នំពេញ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៧